Haaland ស៊ុតបានពីរគ្រាប់ក្នុងប្រកួតដំបូងនៅ EPL ខណៈ Man City យកឈ្នះនៅដី West Ham
បាល់ទាត់៖ ក្របខណ្ឌ English Premier League បានចាប់ផ្តើមចុងសប្តាហ៍កន្លងទៅ ខណៈក្រុមការពារតំណែងជើងឯក Manchester City រកបានបីពិន្ទុក្នុងសប្តាហ៍ទី១ តាមរយៈជ័យជំនះនៅទឹកដីរបស់ក្រុមញញួរធំ West Ham ២-០ យប់ថ្ងៃអាទិត្យម្សិលមិញ។
ខ្សែប្រយុទ្ធចំនូលថ្មី Erling Haaland ដែលផ្លាស់ពី Dortmund រកបានពីរគ្រាប់ម្នាក់ឯងក្នុងប្រកួតដំបូងរបស់ខ្លួន នៃការចាប់ផ្តើមអាជីពនៅក្របខណ្ឌ English Premier League។ គ្រាប់ដំបូងកើតឡើងនៅនាទីទី៣៦ ដោយបាល់ពិន័យ ១១ម៉ែត្រ និងគ្រាប់ទីពីរនៅវគ្គទី២ នាទីទី៦៥។ លទ្ធផលសំខាន់ៗផ្សេងទៀតរួមមាន Manchester United បើករដូវកាលថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag បានត្រឹមខកបំណងក្រោយចាញ់ក្រុមភ្ញៀវ Brighton ១-២ ក្នុងទឹកដីខ្លួនឯង។ Cristiano Ronaldo មិនបានចាប់ផ្តើមជាកីឡាករ ១១នាក់ដំបូងឡើយ តែត្រូវផ្លាស់ប្តូរចូលនៅវគ្គទី២ បន្ទាប់ពី Brighton នាំមុខ ២គ្រាប់ទៅហើយនៅវគ្គទី១។ Pascal Gross រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Brighton មុនពេលដែល Manchester United តបបានមួយគ្រាប់វិញនៅវគ្គទី២ ដោយបាល់ចូលទីខ្លួនឯងរបស់ Mac Allister។
សរុបមកវិញក្រុមដែលទទួលបានបីពិន្ទុក្នុងសប្តាហ៍ដំបូងរួមមាន Spurs ដែលវាយបកយកឈ្នះ Southampton ៤-១, Arsenal ឈ្នះនៅទឹកដី Crystal Palace ២-០, ក្រុមឡើងថ្មី Bournemouth យកឈ្នះ Aston Villa ២-០, Manchester City ឈ្នះនៅទឹកដី West Ham, ក្លិបអ្នកមានថ្មី Newcastle United ឈ្នះ Nottingham Forest ២-០, Brighton ដែលឈ្នះនៅទឹកដី Manchester United, Leeds United យកឈ្នះ Wolves ២-១ និង Chelsea យកឈ្នះនៅទឹកដី Everton ១-០។ មានពីរគូដែលស្មើគ្នាគឺ Leicester City ស្មើគ្នា ២-២ ទល់នឹង Brentford យប់មិញ ខណៈ Fulham ស្មើគ្នា ២-២ ទល់នឹង Liverpool កាលពីព្រលប់ថ្ងៃសៅរ៍៕